ក្រុមហ៊ុនសម្លៀកបំពាក់ H&M នឹងបើកហាងដំបូងនៅកម្ពុជា

ក្រុមហ៊ុនលក់រាយសម្លៀកបំពាក់ចម្រុះជាតិរបស់ប្រទេសស៊ុយអ៊ែត គឺ Hennes & Mauritz AB (H&M) បានប្រកាសថា នឹងបើកហាងដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជានៅឆ្នាំក្រោយ។ នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយ ។ ក្រុមហ៊ុន H&M មានវត្តមានធំនៅក្នុងតំបន់អាស៊ីរួចហើយ ដែលមាន ១១ ហាងនៅប្រទេសវៀតណាម និង ៤៣ ហាង នៅប្រទេសថៃ។ ក្រុមហ៊ុនខាងលើបានផលិត ផលិតផលរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីទសវត្សឆ្នាំ ១៩៩០ មកហើយ។ ទោះជាយ៉ាងណាក៏ វាបានប្រកាសថានឹងវាយតំលៃផលិតកម្មរបស់ខ្លួនឡើងវិញ បន្ទាប់ពីសេចក្តីសម្រេចចិត្តរបស់សហភាពអឺរ៉ុប ក្នុងការដកការកាត់ពន្ធរបស់ប្រទេសកម្ពុជាក្នុងទីផ្សារអឺរ៉ុប កាលពីខែកុម្ភៈឆ្នាំមុន។ ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) លោក Tassilo Brinzer បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន H&M ប្តេជ្ញាបើកសិទ្ធិអាជីវកម្មនៅទីនេះក្នុងឆ្នាំ ២០២២ មានន័យថា ប្រទេសកម្ពុជានៅតែមានសក្តានុពលខ្លាំង ជាទីផ្សារអ្នកប្រើប្រាស់។ បន្ថែមពីលើនេះវាមានន័យថា គេរំពឹងថាអាជីវកម្មទូទៅនៅក្នុងប្រទេសកម្ពុជានឹងរីកលូតលាស់ទៅមុខ៕